ទៅមើលទិដ្ឋភាពព្រឹកព្រលឹម នៅឧទ្យានជាតិវីរៈជ័យ ប្រៀបដូចឋានសួគ៌ ពពកដេដាសដាច់កន្ទុយភ្នែក

  • 2021-07-14 09:38:13
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ឧទ្យានជាតិវីរៈជ័យ ជាទីតាំងធម្មជាតិ ផ្ដល់នូវចំណីអារម្មណ៍ប្លែកដល់ភ្ញៀវទេសចរ ទិដ្ឋភាពព្រឹកព្រលឹម ពិតជាទេសភាពដ៏អស្ចារ្យនៅពេលដែលឡើង សម្លឹងពីលើកំពូលភ្នំទៅ ក្រោមគឺអាចឃើញយ៉ាងច្បាស់នូវទឹកដី ស្រស់បំព្រងជាមួយសម្រស់ ព្រៃឈើ ហើយអ្វីដែលកាន់តែពិសេសនោះ គឺទិដ្ឋភាពសមុទ្រពពក ដែលពិតជាមិនគួរឱ្យជឿ ថាវាជារឿងពិតដែលអ្វីគ្រប់យ៉ាងគឺ គ្របដណ្ដប់ដោយពពកទាំងអស់សក្បុសប្រៀបដូចឋានសួគ៌។ ពិសេសទៀតពពកយ៉ាងច្រើនរសាយអណ្ដែតលើវេហា គ្របដណ្ដប់លើព្រៃដ៏សែនក្រាស បង្ហាញពីទេសភាពបៃតងខ្ចី លាយឡំសំឡេងសត្វយំ ខ្យល់បក់រវិចៗ ពិតជាផ្ដល់នូវក្ដីសុខផ្លូវអារម្មណ៍ពិតៗ។

ស្ថិតនៅភូមិភាគប៉ែកឦសាន នៃប្រទេសកម្ពុជា ឧទ្យានជាតិវីរៈជ័យ គឺជាកន្លែងលំហែអារម្មណ៍ និងស្រូបយកខ្យល់អាកាសដ៏ល្អបរិសុទ្ធមួយមិនគួរមើលរំលង។ ធម្មជាតិបានបង្កើតផ្ទាំងទស្សនីយភាពជាច្រើន ក្នុងឧទ្យានមួយនេះសឹងមិនជឿនឹងភ្នែកមានទាំងដើមឈើចម្រុះពណ៌យ៉ាងស្រស់បំព្រងនៅតាមដងអូរ និងសត្វព្រៃជាច្រើនកំពុងសំងំរស់នៅយ៉ាងមានសេចក្ដីសុខដូចជា សត្វស្វាកន្ទុយស ទោច ជ្រូកព្រៃ ឈ្លូស ប្រើស ខ្លាត្រី ខ្លាពពក ខ្ទីង និង ខ្លាឃ្មុំជាដើម។ នេះបើតាមគេហទំព័ររបស់ក្រសួងបរិស្ថាន។

លាតសន្ធឹងលើផ្ទៃដីរាប់រយហិកតា គ្របដណ្ដប់ដោយវាលស្មៅដ៏ខៀវខ្ចី នៅលើកំពូលភ្នំដ៏ស្រស់ស្អាត មានដើមរុក្ខជាតិតូចធំ ទទួលពន្លឺព្រះអាទិត្យយ៉ាងច្បាស់ បានធ្វើឧទ្យានជាតិវីរៈជ័យក្លាយជាផ្ទាំងទស្សនីយភាពដ៏ទាក់ទាញបំផុត នៅលើទឹកដីខេត្តរតនគីរី និងស្ទឹងត្រែង។ សូមជម្រាបជូនថា ដើម្បីទៅដល់ទីតាំងប្រៀបដូចឋានសួគ៌លើដីនេះ អ្នកទេសចរត្រូវធ្វើដំណើរប្រមាណ១៥គីឡូម៉ែត្រពីស្រុកតាវែងទៅដល់ភូមិមណ្ឌលយ៉ន អ្នកទេសចរត្រូវឆ្លងកាត់ទន្លេសេសាន និងអូរតាបូក។ តាមផ្លូវធ្វើដំណើរអ្នកទេសចរអាចមើលឃើញផ្កាព្រៃ ទេសភាពតាមដងព្រៃមិនចេះជិនណាយ៕

ប្រភពរូបភាព៖ ក្រសួងបរិស្ថាន

អត្ថបទសម្រួលដោយ : Su In