ស្អាតណាស់! ទិដ្ឋភាពក្រោមបាតសមុទ្រខ្មែរ នៅប្រជុំកោះឆ្លាម (វីដេអូ)

  • 2021-04-12 14:53:08
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ប្រជុំកោះឆ្លាម ត្រូវបានគេចាត់ទុកថាជាកន្លែងដ៏ពេញនិយមមួយ​សម្រាប់​អ្នកនិយមមុជទឹកមើល​ទិដ្ឋភាពក្រោម​បាតសមុទ្រ ដោយសារ​តែវា​សម្បូរទៅ​ដោយជីវៈចម្រុះ ផ្កាថ្មទន់ និងរឹង រួមទាំងត្រីសមុទ្រ​ជារច្រើនប្រភេទ។ កន្លែងមុជទឹកនេះ ស្ថិតនៅប្រជុំកោះឆ្លាម ខេត្តកោះកុង ដែលស្ថិត​នៅខាងលិចកោះរ៉ុង ប្រមាណជា ៧០គីឡូម៉ែត្រ។

លើសពីនេះទៀត នៅក្នុងបាតសមុទ្រ នៃកោះឆ្លាមនេះ ត្រូវបានរកឃើញទូកទឹកទំនិញលិចចូលបាតសមុទ្រប្រមាណជាង ៤០ឆ្នាំមុន ដែលទូកដឹកទំនិញចេញចូល រវាងកម្ពុជា និងថៃនេះ មានប្រវែងប្រមាណជា ៣០ម៉ែត្រ បានក្លាយជាទីតាំងដ៏ល្អមួយទៀតសម្រាប់អ្នក ដែលមុជទឹកក្នុងបាតសមុទ្រ អាចមើលឃើញយ៉ាងច្បាស់ ហើយកាន់តែពិសេសទូកមួយនេះបានដុះនៅផ្កាថ្ម​ និងក្លាយជាជង្រុកត្រី និងជីវៈចម្រុះផ្សេងៗ ក្លាយជាផ្ទាំងទស្សនិយភាពដ៏ស្រស់ស្អាតសម្រាប់អ្នកទេសចរ។

លោក សាន់ ភារៈ គ្រូបង្វឹកជ្រមុជទឹកបាតសមុទ្រ របស់ក្រុមហ៊ុន Khmer Dive Group បានប្រាប់ Sabay ថា ទីតាំងខាងលើនេះ គឺក្រុមមុជទឹកបាតសមុទ្របានរុករក និងស្រាវជ្រាវឃើញនៅអំឡុងឆ្នាំ ២០១៦ ហើយបានបើកជាផ្លូវការឲ្យភ្ញៀវទេសចរចូលទស្សនាបាតសមុទ្រនៅកន្លែងនេះនៅអំឡុងឆ្នាំ២០១៩។ រហូតមកទល់នឹងពេលនេះ មានភ្ញៀវជាតិ និងអន្ដរជាតិប្រមាណជា ៥០នាក់ហើយដែលបានជ្រមុជទឹកមើលបាតសមុទ្រ ដែលមានជម្រៅចាប់ពី ៤ម៉ែត្រ ដល់១២ម៉ែត្រ និងកន្លែងខ្លះចាប់ពី ២០ ទៅ ៣០ម៉ែត្រ។

លោកបានឲ្យដឹងថា ប្រទេសកម្ពុជាមានកន្លែងជ្រមុជមើលបានសមុទ្រច្រើនដូចជានៅប្រជុំកោះរ៉ុង កោះស្ដេច កោះឆ្លាម និងកោះមួយចំនួនទៀត ប៉ុន្ដែកោះឆ្លាមមានលក្ខណៈពិសេសជាងគេ ដែលទើបរកឃើញ ហើយមានជីវៈចម្រុះច្រើនឥតគណនា ដែលមានពណ៌ស្រស់ស្អាត ដែលជាតំបន់ទេសចរណ៍មួយដ៏ពេញនិយមបំផុត មិនចាញ់បណ្ដាប្រទេសមួយចំនួននោះទេ។ «ខ្ញុំចង់ឲ្យកូនខ្មែរមកសាកល្បងនៅទីនេះ ដើម្បីចូលរួមគាំទ្រដល់វិស័យទេសចរណ៍របស់យើងផង និងស្វែងយល់អំពីធនធានជីវៈចម្រុះរបស់ខ្មែរ ហើយជាចំណែកមួយសំខាន់នៅក្នុងការចូលរួមថែរក្សាធនធានធម្មជាតិរបស់ខ្មែរយើង»។

សូមទស្សនា​វីដេអូ នៅផ្នែកខាងក្រោមនៃអត្ថបទនេះ៖