មាន​ពាក្យ​ជា​ច្រើន​ ដែល​ចង់​និយាយ​ទៅ​កាន់​​បុរស​ម្នាក់​ដែល​ខ្ញុំ​ធ្លាប់​ស្រឡាញ់

  • 2021-06-30 07:58:31
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


បែក​គ្នា​ជា​រឿង​មួយ​ដែល​ខ្ញុំ​ខ្លាច​បំផុត​ ហើយ​មិន​ចង់​មាន​នៅ​ក្នុង​ឆាក​ជីវិត​ម្ដង​ហើយ​ម្ដង​ទៀត​នោះ​ទេ​ ប៉ុន្តែ​វា​នៅ​តែ​រត់​មក​រក​ខ្ញុំ​ដដែល។

[…] ចាប់​តាំង​ពី​ខ្ញុំ​ដាក់​ចិត្ត​ស្រឡាញ់​គាត់​ ខ្ញុំ​ចាប់​ផ្ដើម​លែង​មាន​អារម្មណ៍​ជា​មនុស្ស​ប្រុស​ផ្សេង​ទាំង​អស់​ ពេល​វេលា​ដែល​សេសសល់​របស់​ខ្ញុំ​គឺ​នៅ​លើ​គាត់​ទាំង​អស់ ទោះ​បី​ជា​ពេល​ខ្លះ​ត្រូវ​ទៅ​អង្គុយ​ចាំ​គាត់​ក៏​ខ្ញុំ​មិន​ដែល​ថា​ឡើយ។ ត្រូវ​ហើយ​ពីមុន​ខ្ញុំ​គ្រាន់​តែ​ជា​ក្មេង​ស្រី​ម្នាក់​ដែល​ចេះ​តែ​ស្រឡាញ់​គេ​ស្មោះ ហើយ​មិន​ចង់​ផ្លាស់​ប្ដូរ​ស្នេហា មិន​ទាន់​មាន​ការងារ​ ហើយ​ខ្ញុំ​ក៏​មិន​មែន​ជា​កូន​អ្នក​មាន​ទៀត​ ដូច្នេះ​ពេល​ដែល​ខ្ញុំ​ចង់​ទិញ​អ្វី​ឲ្យ​គាត់​គឺ​ត្រូវ​សន្សំ ប៉ុន្តែ​វា​ហាក់​ដូច​ជា​គ្មាន​តម្លៃ​សោះ​សម្រាប់​គាត់​ ហើយ​រឹត​តែ​ធ្វើ​ឲ្យ​ខ្ញុំ​មាន​អារម្មណ៍​ហត់​នឿយ​ដែល​ត្រូវ​តាម​យក​ចិត្ត​ទុក​ដាក់ តាម​ស្រឡាញ់​គាត់​តែ​ឯង។ ភាព​សោះ​អង្គើយ​របស់​គាត់​កាន់​តែ​ធ្វើ​ឲ្យ​ខ្ញុំ​ឆ្អែត​បន្តិច​ម្ដង​ៗ​ព្រោះ​រយៈ​ពេល​ជិត​ ៤ ឆ្នាំ​​ហើយ​ដែល​ខ្ញុំ​មិន​ដែល​ទទួល​បាន​ភាព​កក់​ក្ដៅ និងសុភមង្គល​ដូច​មនុស្ស​ស្រី​ដទៃ​ទៀត។

[…] សួរ​ថា​គាត់​ជា​មនុស្ស​ល្អ​ទេ? គាត់​មិន​អាក្រក់​នោះ​ទេ​ គាត់​ល្អ​ គាត់​ស្រឡាញ់​ខ្ញុំ​ ហើយ​ព្យាយាម​ដើម្បី​ខ្ញុំ​មិន​តិច​ដែរ​ ប៉ុន្តែ​វា​គ្រាន់​តែ​ជា​ពេល​វេលា​ដំបូង​ដែល​គាត់​ស្រឡាញ់​ខ្ញុំ​តែ​ប៉ុណ្ណោះ។ ពេល​នេះ​គាត់​មិន​មែន​ជា​មនុស្ស​ប្រុស​ដែល​ខ្ញុំ​ស្គាល់​ កាល​ពី​មុន​ឡើយ។

គាត់​តែង​តែ​ស្រែក​គំហក​ឲ្យ​ខ្ញុំ​ពេល​ដែល​គាត់​មិន​សប្បាយ​ចិត្ត​ គាត់​តែង​តែ​មិន​និយាយ​រក​ខ្ញុំ​ពេល​ដែល​គាត់​ទាស់​ចិត្ត​រឿង​អ្វី​មួយ​ ពេល​ដែល​ឈ្លោះ​គ្នា​គាត់​មិន​ដែល​លួង​លោម​ និង​សុំទោស​ខ្ញុំ​ឡើយ​​ទោះ​បី​ជា​ពេល​ខ្លះ​គាត់​ខុស​ហើយ​ឃើញ​ខ្ញុំ​ពិបាក​ចិត្ត​ក៏ដោយ ហើយ​ពេល​ខ្លះ​គាត់​ថែម​ទាំង​ហា​មាត់​សុំ​ខ្ញុំ​បែក​គ្នា​ទៀត​ផង។ គាត់​មិន​ដែល​ទុក​ខ្ញុំ​ជា​មនុស្ស​មាន​តម្លៃ​ និង​ខ្លាច​បាត់​បង់​ខ្ញុំ​នោះ​ទេ​ ប្រហែល​ជា​គាត់​គិត​ថា​ខ្ញុំ​​ដូច​ជា​ឆ្កែ​មួយ​ក្បាល​ដែល​ចាំ​តែ​ឲ្យ​សាច់​វា​​ស៊ី​ វា​នៅ​តែ​ស្រឡាញ់​ម្ចាស់​​ដដែល។ តែ​សុំ​ទោស​ផង​ខ្ញុំ​មិន​មែន​ជា​វា​នោះ​ទេ​ ដែល​គ្រាន់​តែ​​និយាយ​ថា​ស្រឡាញ់​មួយ​មាត់​គ្រប់​គ្រាន់​ចំពោះ​ស្នេហា​នោះ។

រូប​តំណាង

គួរ​ឲ្យ​អស់​សំណើច​ណាស់​មែន​ទេ​ដែល​ខ្ញុំ​សុខចិត្ត​ធ្វើ​ជា​អ្នក​ចាញ់​ ធ្វើ​ជា​អ្នក​សុំទោស​ និងលួងគាត់​ អស់​ពេល​យូរ​យ៉ាង​នេះ ប៉ុន្តែ​អំពើ​ល្អ​ដែល​ខ្ញុំ​ធ្វើ និង​ការ​អត់​ធ្មត់​ដែល​ខ្ញុំ​មាន​ វា​គ្មាន​ន័យ​ចំពោះ​គាត់​ទាល់​តែ​សោះ។ គាត់​ទុក​ខ្ញុំ​ចោល​ ដូច​ខ្ញុំ​ជា​មនុស្ស​ដែល​គ្មាន​សង្សារ​អីចឹង​ មាន​គាត់​ក៏​ដូច​គ្មាន​​គាត់​ ហើយ​ស្រឡាញ់​គាត់​គឺ​ខ្ញុំ​មាន​តែ​ការ​ឈឺ​ចិត្ត​តែ​ប៉ុណ្ណោះ។ ភាព​ផ្អែម​ល្ហែម​វា​តិច​តួច ជាង​ភាព​ជូរចត់​ ហើយ​ទឹក​ភ្នែក​ដែល​ខ្ញុំ​ស្រក់​ក៏​វា​ច្រើន​ជាង​ស្នាម​ញញឹម​ដែល​ខ្ញុំ​មាន​ដែរ។ គ្រប់​ពេល​មាន​តែ​រឿង​ឈ្លោះ​គ្នា​ មិន​ចុះ​សម្រុង​គ្នា​ ហើយ​ខ្ញុំ​ពិត​ជា​មិន​ដឹង​ថា​គាត់​ទុក​ខ្ញុំ​ជា​អ្វី​ឲ្យ​ប្រាកដ​នោះ​ទេ ពេល​ដែល​គាត់​ត្រូវ​ការ​ខ្ញុំ​គាត់​ហៅ​ខ្ញុំ ​គាត់​មក​រក​ខ្ញុំ​ តែ​ពេល​ដែល​គាត់​មិន​ត្រូវ​ការ​ខ្ញុំ​គឺ​មិន​ចង់​ជួប។

[…] វា​ល្មម​ដល់​ពេល​ដែល​ខ្ញុំ​ដើរ​ចេញ​ហើយ!

ត្រូវ​ហើយ​ខ្ញុំ​មាន​អារម្មណ៍​ថា​ស្ដាយ​ពេល​វេលា​ណាស់ ព្រោះ​ខ្ញុំ​បាន​ចំណាយ​ពេល​អស់​ជិត​ ៤ ឆ្នាំ​ជា​មួយ​មនុស្ស​ម្នាក់​ដែល​ថា​ ស្រឡាញ់​ខ្ញុំ​បាន​ត្រឹម​តែ​និយាយ ប៉ុន្តែ​មិន​ដែល​ធ្វើ​នោះ​ ហើយ​រឹត​តែ​ស្ដាយ​ដែល​ខ្ញុំ​ខំ​ដាក់​ចិត្ត​ និង​បដិសេធ​មនុស្ស​ប្រុស​ជា​ច្រើន​ដើម្បី​គាត់​ម្នាក់។

បែក​គ្នា​ហើយ​តើ​ខ្ញុំ​សប្បាយ​ចិត្ត​ទេ? អាច​និយាយ​បាន​ថា​ មិនសប្បាយ​ចិត្ត​នោះ​ទេ​ ព្រោះ​ភ្លាមៗខ្ញុំ​ត្រូវ​អង្គុយ​យំ ដេក​យំ និង​ឈរ​យំ​ដូច​ជា​មនុស្ស​ឆ្កួត​អីចឹង​ ប៉ុន្តែ​យ៉ាង​ណា​ក៏​ខ្ញុំ​មិន​មាន​អារម្មណ៍​ឈឺ​ចាប់​ដូច​ពេល​ដែល​ខ្ញុំ​មាន​គាត់។ ពេល​វេលា​ពិត​ជា​ដើរ​លឿន​ណាស់ ពួក​យើង​បែក​គ្នា​ជិត​មួយ​ឆ្នាំ​ទៅ​ហើយ ប៉ុន្តែ​ខ្ញុំ​នៅ​តែ​មិន​ភ្លេច​គាត់​ តែ​មិន​មែន​មាន​ន័យ​ថា​ខ្ញុំ​នៅ​ស្រឡាញ់​គាត់​នោះ​ទេ គឺ​ព្រោះ​តែ​ខ្ញុំ​នៅ​មាន​អារម្មណ៍​ថា​ខ្លាច​អ្វី​ដែល​គាត់​បាន​ផ្ដល់​ឲ្យ​ខ្ញុំ។ ឥលូវ​នេះ​ខ្ញុំ​ឈប់​យំ​ហើយ​ ផ្លូវ​ចិត្ត​ខ្ញុំ​ក៏​ធូរ​ស្រាល​ដែរ​ ប៉ុន្តែ​ខ្ញុំ​នៅ​តែ​ខ្លាច​គាត់​ និង​​មិន​ចង់​សូម្បី​តែ​ចង់​ឲ្យ​គាត់​ត្រឡប់​ ព្រោះ​ពេល​នេះ​ខ្ញុំ​មិន​មែន​ជា​មនុស្ស​ដែល​គាត់​អាច​ហៅ​ក៏​ហៅ​បាន​នោះ​ឡើយ។

រូប​តំណាង

«សុខសប្បាយ​ទេ?» ជា​សំណួរ​ដែល​ខ្ញុំ​ចង់​សួរ​ទៅ​គាត់​ព្រោះ​ខាន​ជួប​គ្នា​យូរ​ហើយ។

«ពេល​គ្មាន​ខ្ញុំ​យ៉ាង​ម៉េច​ដែរ? អាច​រក​បាន​មនុស្ស​ស្រី​ដែល​ស្រឡាញ់​​អ្នក​ជាង​ខ្ញុំ​ឬ​នៅ? »

«ត្រូវ​ហើយ​បើ​រក​បាន​ត្រូវ​ស្រឡាញ់​គេ​ឲ្យ​ខ្លាំង​ជាង​ខ្ញុំ​ផង​ ព្រោះ​ខ្ញុំ​គិត​ថា​គ្មាន​មនុស្ស​ស្រី​ណា​អាច​ទ្រាំ​បាន​ដូច​ខ្ញុំ​ឡើយ។»

«ពេល​នេះ​ខ្ញុំ​សុខ​សប្បាយ​ណាស់ រៀន​ក៏​ល្អ​ ថែម​ទាំង​មាន​ការងារ​ដែល​ខ្ញុំ​ស្រឡាញ់​ទៀត​ផង។»

«ខ្ញុំ​ពេល​នេះ​មិន​ដូច​មុន​ទេ​ ខ្ញុំ​ស្រឡាញ់​ភាព​ឯកា​ដែល​ខ្ញុំ​មាន​ណាស់។ អូហ៍! ​មែន​ហើយ​ នៅ​មាន​រឿង​មួយ​ទៀត​ ការ​ពិត​ក៏​មាន​មនុស្ស​តាម​ស្រឡាញ់​ខ្ញុំ​ដែរ​ ប៉ុន្តែ​ខ្ញុំ​មិន​ទាន់​ចង់​បាន។»

«អរគុណ​ហើយ​ដែល​ដោះ​លែង​ខ្ញុំ​ឲ្យ​មាន​សេរីភាព​ និង​រក​ផ្លូវ​មួយ​ដែល​ល្អ​ជាង​ពេល​ដែល​ខ្ញុំ​នៅ​ជាមួយ​អ្នក​ ទោះ​ឯកា​បន្តិច​តែ​ខ្ញុំ​មាន​ភាព​រីករាយ​ច្រើន​ជាង​មុន​ឆ្ងាយ​ណាស់។»

«ថែ​ខ្លួន​ផង​ណា​សង្សារ​ចាស់។ »​​ ពី​ខ្ញុំ​ មនុស្ស​ដែល​ធ្លាប់​ស្រឡាញ់​អ្នក​ខ្លាំង។​​

ផ្ដល់​សាច់​រឿង​ដោយ ៖ រចនា ខេត្ត​កណ្ដាល

អត្ថបទ៖ ផលធិតា