៣ចំណុចនេះ បញ្ជាក់ថា "Time To Rise" ជាប់​កំណត់ត្រា​ថ្មីមិនធ្លាប់មាន ក្នុង​វិស័យចម្រៀងខ្មែរ!

  • 2021-06-30 03:30:58
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


"Time To Rise" បទរបស់កំពូល​តារាចម្រៀងរែបវណ្ណដា រួមជាមួយ​ព្រឹទ្ធាចារ្យ​ចាប៉ីដងវែងលោកតា គង់ ណៃ បានផ្ទុះការគាំទ្រ​ច្រើនបំផុត​មិនធ្លាប់មាន ក្នុង​ប្រវត្តិសាស្រ្ដ​បទចម្រៀង​ខ្មែរ​នាសម័យទំនើបនេះ។

  • ជាបទចម្រៀងខ្មែរ ​ដែល​មានកំណើន​អ្នក​ចូលទស្សនា​លឿនបំផុត

បទ Time To Rise បានកើន​អ្នកទស្សនា​ដល់ ១លានដង ត្រឹមរយៈពេល ២៤ម៉ោង​ដំបូង នៅ​លើ YouTube។ ចំនួនអ្នកទស្សនា មិនមែនកើនលឿនតែដំបូងនោះទេ ប៉ុន្តែ​បន្តកើនឡើងជាច្រើន ជារៀងរាល់ថ្ងៃ រហូតដល់ ៥០លានដង ត្រឹមរយៈពេលមិនដល់ ២ខែ។ គិតមកទល់ពេលនេះ ត្រឹមរយៈពេល ៣ខែ បទនេះ មានអ្នកទស្សនា​ដល់ទៅជាង ៦២លានដង ច្រើនជាងគេ​ក្នុងចំណោមបទចម្រៀង​ពីផលិតកម្មនានា។

ក្រៅពីមានអ្នកទស្សនាច្រើនបំផុត បទ Time To Rise ក៏ជា​​​បទចម្រៀង​ខ្មែរ តែមួយគត់ ដែលមានអ្នក Liked លើស ១លានអ្នកលើ YouTube ផងដែរ ពោលគឺមានជាង ១,២លាន Like គិតត្រឹមចុងខែមិថុនានេះ។

  • ទទួលការគាំទ្រច្រើន​ដល់ក្រៅប្រទេស

មិនមែនអ្នកអ្នកគាំទ្រ​ជាជនជាតិខ្មែរប៉ុណ្ណោះទេ បទ Time To Rise បានទទួលការគាំទ្រ​ពីសំណាក់ជនបរទេស​ជាច្រើន មានទាំងប្រទេសក្នុងតំបន់អាស៊ី រហូតដល់អឺរ៉ុប អាហ្រ្វិក និងអាមេរិក ថែមទៀតផង។ គេអាចដឹងបាន តាមរយៈ comment រាប់ម៉ឺន​នៅលើ channel YouTube របស់ Vannda និងតាមរយៈបណ្ដាញសង្គមផ្សេងៗទៀត ដូចជា TikTok ជាដើម។ ក្នុងចំណោមនោះ ក៏គេសង្កេតឃើញមាន​តារាចម្រៀង​ថៃ FHERO ផងដែរ។ តារាចម្រៀង​រែបដ៏ល្បីរបស់ថៃរូបនេះ បានចូល comment បង្ហាញការគោរព​ដល់​ស្នាដៃដ៏អស្ចារ្យនៃបទ "Time To Rise" តាំងពីបទនេះ បានចេញដំបូងៗមកម្ល៉េះ។

ដោយសារតែបែបនេះហើយទើប Time To Rise ត្រូវ​បាន​ Vannda និងក្រុមការងារផលិតកម្មបារមី បកប្រែ និងដាក់ subtitle ដល់ទៅ ១២ភាសា ដែលមាន ភាសាខ្មែរ ចិន បារាំង ឥណ្ឌូណេស៊ី អង់គ្លេស ជប៉ុន វៀតណាម ឡាវ ថៃ កូរ៉េ ម៉ាឡេ និងភាសា​អេស្ប៉ាញ។

  • មានអ្នកយកទៅ Reaction សរសើរ ភ្លូកទឹកភ្លូកដី

បើឲ្យរាប់វីដេអូ Reaction លើបទ Time To Rise ប្រហែលជាពិបាកបន្តិច ដោយសារ​ចំនួនអ្នកធ្វើ Reaction មានចំនួនច្រើនលើសលប់ ដែលរួមមានទាំង YouTuber ខ្មែរយើង ក៏ដូចជាបរទេស​។ អ្នកធ្វើ Reaction ទាំងនោះ សុទ្ធតែលាន់មាត់សរសើរស្នាដៃរបស់ Vannda និងក្រុមការងារ ដែលអាច​ផលិត​បទចម្រៀង​រែប រសជាតិថ្មី ផ្សំជាមួយសិល្បៈបុរាណ បានចូលគ្នាសមឥតខ្ចោះ៕

ទស្សនា​បទ Time To Rise ខាងក្រោមនេះ៖