៥ វិធី​រំដោះ​ខ្លួន​ចេញ​ពី​ស្រ្តេស នាំ​ឲ្យ​អារម្មណ៍​ស្រស់ស្រាយ

  • 2021-04-19 05:07:17
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


វិបត្តិ​គ្រួសារ ស្នេហា សម្ពាធ​ការ​ងារ​ ការ​សិក្សា និង​ហិរញ្ញវត្ថុ ជា​មូល​ហេតុ​ចម្បងៗ​ដែល​ធ្វើ​ឲ្យ​មនុស្ស​រស់​នៅ​ក្នុង​សម័យ​នេះ ប្រឈម​នឹង​​បញ្ហា​​ស្រ្តេស​ដែល​នាំ​ឲ្យ​ប៉ះ​ពាល់​នូវ​ការងារ និង​ជីវិត​ប្រចាំ​ថ្ងៃ។ ហើយ​បើ​​មិន​​ព្យាបាល ឬ​ទប់​ស្កាត់​ទាន់​ពេល បញ្ហា​នឹង​អាច​វិវឌ្ឍ​​ទៅ​ជា​​ជំងឺ​បាក់​ទឹក​ចិត្ត និង​ជំងឺ​កាច​សាហាវ​ផ្សេងៗ​ទៀត​ផង។ ដូច្នេះ ថ្ងៃ​នេះ Sabay នឹង​រៀបរាប់​ពី​វិធី​គេច​ចេញ​ពី​បញ្ហា​ស្រ្តេស ៥ ចំណុច ដើម្បី​ឲ្យ​អ្នក​មាន​សុខភាព​ល្អ​ទាំង​ផ្លូវ​កាយ និង​ចិត្ត។

១. ដក​ឃ្លា​ពី​បញ្ហា​ដែល​កំពុង​ប្រឈម

ដើម្បី​ឲ្យ​ជីវិត និង​ជីវភាព​កាន់​តែ​ប្រសើរ​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ នរណាៗ​ក៏​ត្រូវ​ប្រឈម​ពុះពារ​ធ្វើ​គ្រប់យ៉ាង​ដើម្បី​​ផែនការ​នានា​បាន​សម្រេច។ សកម្មភាព​ទាំង​នេះ​បាន​បង្ក​ជា​សម្ពាធ​ដល់​​ដល់​មនុស្ស ដែល​ធ្វើ​ឲ្យ​អ្នក​ចង់​ទម្លាក់​ចោល។ តែ​នោះ​មិន​មែន​ដំណោះ​ស្រាយ​​ទេ យក​ល្អ​​អ្នក​គួរ​ដក​ឃ្លា និង​សម្រាក​ពី​វា​សិន មុន​នឹង​បន្ត​ការ​ប្រយុទ្ធ​ម្ដង​ទៀត នៅ​ពេល​ដែល​ខ្លួន​មាន​អារម្មណ៍​ធូរ​ស្រាល និង​រួច​រាល់។ ក្រៅ​ពី​នោះ ការ​ឆ្លៀត​ពេល​សម្រាក​ ក៏​នឹង​ជួយ​ឲ្យ​អ្នក​មាន​គំនិត​ថ្មីៗ ដើម្បី​ធ្វើ​ឲ្យ​ខ្លួន​​កាន់​តែ​រីក​ចម្រើន​ផង​ដែរ។

២. ហាត់​ប្រាណ

ការ​ហាត់​ប្រាណ​មិន​ត្រឹម​តែ​ជួយ​ឲ្យ​រាងកាយ​មាន​សុខភាព​ល្អ​ទេ​ វា​ក៏​អាច​ឲ្យ​អ្នក​មាន​ចិត្ត​គំនិត​ស្រស់​ថ្លា​ផង​ដែរ។ អ្នក​អាច​រើស​យក​វិធី​ហាត់ប្រាណ​ងាយៗ​ដូចជា​ ដើរ​ រត់ រាំ ឬ​ហែល​ទឹក មក​អនុវត្ត​ជា​ប្រចាំ​យ៉ាង​ហោច​ណាស់ ២០ នាទី​ក្នុង​មួយ​ថ្ងៃ នោះ​បញ្ហា​ថប់​អារម្មណ៍​របស់​អ្នក​នឹង​រសាយ​មិន​ខាន។

៣. ព្យាយាម​ញញឹម​ នឹង​សើច​ឲ្យ​បាន​ច្រើន

ខួរ​ក្បាល​របស់​មនុស្ស​គឺ​ផ្សារ​ភ្ជាប់​ជា​មួយ​នឹង​អារម្មណ៍ និង​ទឹក​មុខ​ដែល​អ្នក​បញ្ចេញ​មក។ ពេល​អ្នក​​មាន​អារម្មណ៍​ថា​ស្រ្តេស វា​នឹង​បញ្ហា​ចេញ​មក​ច្បាស់ៗ​តាម​រយៈ​ទឹក​មុខ។ ដូច្នេះ​អ្នក​គួរ​ព្យាយាម​សើច ឬ​ញញឹម ​ដើម្បី​បន្លប់​​បញ្ហា​​ទាំង​នោះ អ្នក​នឹង​មាន​អារម្មណ៍​ថា​រីករាយ​ជាង​មុន ក៏​ដូចជា​ធ្វើ​ឲ្យ​ស្ថានការណ៍​កាន់​តែ​ប្រសើរ​ឡើង​ផង​​ដែរ។ ​​

៤. ស្វែង​រក​អ្នក​ប្រឹក្សា

ការ​និយាយ​ប្រាប់ ឬ​សុំ​ជំនួយ​ពី​អ្នក​ដទៃ​មិន​ប្រាកដ​ថា អាច​ជួយ​អ្នក​ដោះស្រាយ​វា​បាន​ ១០០%​ នោះ​ទេ​តែ​ហោច​ណាស់ វា​អាច​ជម្រុះ​អារម្មណ៍​មួហ្មង​​មួយ​ចំនួន​ចេញ​ពី​ខួរ​ក្បាល​ខ្លះ​ដែរ។ ដូច្នេះ​អ្នក​គួរ​រក​មិត្តភ័ក្ដិ ឬ​មនុស្ស​គួរឲ្យ​ទុក​ចិត្ត​ណា​ម្នាក់​ដើម្បី​​និយាយ​ប្រាប់​រឿង​ពិបាកៗ​ទៅ​ពួក​គេ។ តែ​ត្រូវ​ប្រាកដ​ថា ម្នាក់​នោះ​ ជា​មនុស្ស​ដែល​​ចេះ​​លើក​ទឹក​ចិត្ត និង​យល់​ពី​អ្នក។ ពុំ​ដូច្នោះ អ្នក​អាច​នឹង​មាន​បញ្ហា​ទៅ​វិញ​ ក្រោយ​ត្អូញត្អែរ​ទៅ​កាន់​ពួក​គេ។ ​

៥. សមាធិ

ការ​សមាធិ និង​ការ​​បួងសួង​ចេញ​ពី​ចិត្ត ពិត​ជា​អាច​រំដោះ​អ្នក​ចេញ​ពី​បញ្ហា​​ផ្លូវ​ចិត្ត​​បាន​ច្រើន​បាន ព្រោះ​វា​នាំ​ឲ្យ​រាង​កាយ និង​ខួរ​ក្បាល​អ្នក​បាន​សម្រាក ស្រប​ពេល​អ្នក​ផ្ដោត​អារម្មណ៍។ ដូច​​ការ​ហាត់ប្រាណ​ដែរ សមាធិ​នឹង​ជួយ​អ្នក​រំលាយ​អារម្មណ៍​ច្របូកច្របល់ និង​ទទួល​បាន​លទ្ធផល​ភ្លាមៗ៕

អត្ថបទ៖ សុខណា