​ភ្នំ​ហួសាន​ កន្លែង​ឡើង​ភ្នំ​ដ៏​គ្រោះថ្នាក់​បំផុត តែ​ទេសភាព​ស្អាត​ដូច​ឋានសួគ៌

  • 2021-04-12 05:09:04
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


មក​ស្គាល់​ភ្នំ​ Huashan (Shan ក្នុង​ភាសា​ចិន​បកប្រែថា ភ្នំ) ស្ថិត​ក្នុង​ខេត្ត​ស៊ីអាន ជា​តំបន់​ទេសចរណ៍​ដ៏​ទាក់ទាញ​មួយ​នៅ​ប្រទេស​ចិន។ ភ្នំ​ហួសាន ឬ ភ្នំ​ហួ គឺ​ជា​​ភ្នំ​សក្ការៈ​មួយ​ក្នុង​ចំណោម​ភ្នំ​សក្ការៈ​ទាំង​៥​របស់​ចិន វា​ក៏​ត្រូវ​បាន​គេ​ស្គាល់​ថា​ជា​កន្លែង​ឡើង​ភ្នំ​ដ៏​គ្រោះថ្នាក់​បំផុត​ក្នុង​លោក។

ជណ្តើរជើង​តាម​ជញ្ជាំង​ភ្នំ

ភ្នំ​នេះ​មាន​កំពូល​​ចំនួន​៥ គឺ​កំពូល​ខាង​លិច កើត ជើង ត្បូង និង កណ្តាល ហើយ​ចំណុច​ដែល​​ខ្ពស់​បំផុត​មាន​កម្ពស់​ដល់​ទៅ ២ ១៥៥ ម៉ែត្រ។

ដើម្បី​ទៅ​ដល់​ជណ្ដើរ​ឡើង​​នៅ​លើ​ចង្កេះ​​ភ្នំ គេ​អាច​ឡើង​តាម​ជណ្តើរ​ជើង​ក៏​បាន​ ឬ ជិះ​ទូ​ខ្សែ​កាប (cable car) ​ក៏​បាន។ តាម​ជណ្តើរ​ជើង​ចំណាយ​ពេល​ប្រហែល​៤​ម៉ោង តាម​ទូ​ខ្សែកាប​ចំណាយ​ពេល​១៥​នាទី។ ប៉ុន្តែ​នៅ​ពេល​ទៅ​ដល់​ចង្កេះ​ភ្នំ​គេ​ត្រូវ​​ដើរ​ឡើង​ភ្នំ​ដោយ​ចំណាយ​ពេល​ ៥ ទៅ ​៧ ម៉ោង​ទៀត​បើ​ចង់​​ឡើង​ទៅ​ដល់​កំពូល​ទាំង​៥។

ទេសចរ​តម្រង់ជួរ​រង់ចាំ cable car

ប្រសិន​បើ​អ្នក​ដែល​សម្រេច​ចិត្ត​​ដើរ​តាម​ជណ្តើរ​ជើង​ ដោយ​មិន​ជិះ cable car ដែល​ត្រូវ​ចំណាយ ២២ ដុល្លារ ទេ គេ​ត្រូវ​ចំណាយ​ពេល​ប្រហែល​១១​ម៉ោង ដើម្បី​ដើរ​សព្វ​លើ​ភ្នំ ពោល​គឺ​​ឡើង​ភ្នំ​តាំង​ពី​ព្រលឹម​ស្រាងៗ​រហូត​ដល់​ព្រលប់​ទើប​ដើរ​ចប់។ ​

​​​មាន​ទូ​ខ្សែកាប​២​ខ្សែ ដើម្បី​ឡើង មួយ​ទៅ​​កំពូល​ភ្នំ​ខាង​ជើង និងមួយ​ទៀត​ទៅ​កំពូល​ភ្នំ​ខាង​លិច ដែល​សម្រាប់​ចុះ​ប៉ុណ្ណោះ។ ត្បិត​វា​ជា​កន្លែង​ដ៏​គ្រោះថ្នាក់​បំផុត ប៉ុន្តែ​ភ្ញៀវ​ទេសចរ​កុះករ​ខ្លាំង។ ​គ្រាន់តែ​ឈរ​តម្រង់​ជួរ​រង់ចាំ​ជិះ cable car យ៉ាង​ហោច​ណាស់​ត្រូវ​ចំណាយ​ពេល​៣​ម៉ោង​កន្លះ​នៅ​ពេល​មាន​មនុស្ស​ច្រើន។

ការ​ឡើង​ភ្នំ​តាម​រយៈ​ cable car កាត់​តាម​ជ្រលង​ភ្នំ ក្រោម​មេឃ​ចុះ​អ័ព្ទ ហាក់​ដូច​នៅ​ក្នុង​ពិភព​មួយ​ទៀត​អីចឹង។ កំពូល​ខាង​ជើង​ខ្ពស់​ជាង​គេ។ នៅលើ​កំពូល​ភ្នំ​មាន​កន្លែង​មួយ​ឈ្មោះ​ថា "ជម្រាល​ពពក" ថ្ម​ចោទ​ខ្លាំង​នៅ​សង​ខាង មិន​សូវ​មាន​មនុស្ស​អ៊ូអរ ស្ថិត​នៅ​ទីខ្ពស់​បំផុត ជាប់​នឹង​ពពក ធ្វើ​ឲ្យ​អ្នក​មាន​អារម្មណ៍​ដូច​នៅ​លើ​ឋានសួគ៌។

ចុះ​ពី​ cable car អ្នក​ឡើង​ភ្នំ​ទាំង​អស់​ត្រូវ​ដើរ​ដោយ​ជណ្តើរ​ជើង​ដ៏​ចោទ​ខ្លាំង​បំផុត​ឡើង​ ដើម្បី​ដើរ​ទៅ​កាន់​​កំពូល​ភ្នំ​ផ្សេងៗ​ទៀត។ នៅ​ចំណុច​ខ្លះ ខ្ពស់​ហើយ​ចោទ​ខ្លាំង​សឹង​តែ​ត្រង់​ភ្លឹង។ អ្នក​ខ្លាច​ខ្ពស់​​មិន​គួរ​ប្រថុយ​ឡើយ។

Harrison Jacobs អ្នក​សារព័ត៌មាន​របស់ Business Insider ដែល​បាន​ទៅ​ដល់​ទី​នោះ និង ដក​ពិសោធន៍​ជា​លើក​ដំបូង​បាន​រៀបរាប់​ថា នៅ​ពេល​លោក​ឡើង​​តាម​ជញ្ជាំង​ដែល​ខ្ពស់​ និង ចោទ​ខ្លាំង​បំផុត ពឹង​ទាំង​ស្រុង​ទៅ​លើ​ខ្សែ​ក្រវ៉ាត់​ដែល​ចង​ជាប់​នឹង​ខ្លូន​លោក​ហើយ។ ពេល​កំពុង​ឡើង​ លោក​ងាក​ក្រោយ​ខ្នង​គ្មាន​ឃើញ​អ្វី​ឡើយ​ក្រៅ​ពី​ពពក​ ហើយ ប្រសិន​បើ​ខ្សែ​ក្រវ៉ាត​ថ្លោះធ្លោយ​យ៉ាង​ណា​ដឹង​តែ​ bye-bye ហើយ៕