រូបមន្តធ្វើសាច់ជ្រូកអាំងប្រឡាក់ខ្ទិះបែបថៃ មើលទុកធ្វើញ៉ាំនៅផ្ទះ!
- 2021-04-12 15:12:34
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
រូបមន្តធ្វើសាច់ជ្រូកអាំងប្រឡាក់ខ្ទិះបែបថៃ មើលទុកធ្វើញ៉ាំនៅផ្ទះ!
ចន្លោះមិនឃើញ
នៅប្រទេសថៃ អាជីពលក់សាច់ជ្រូកអាំង គឺជាអាជីពមួយដែលអាចសាងចំណូលបានយ៉ាងល្អ ដោយសារសាច់ជ្រូកអាំង និងបាយដំណើបគឺជាអាហារពេលព្រឹកដែលគេពេញនិយមខ្លាំង។ បច្ចុប្បន្នសាច់ជ្រូកអាំងបែបនេះក៏ចាប់ផ្ដើមមានលក់នៅខ្មែរយើង ហើយក៏មានការនិយមចូលចិត្តច្រើនដែរ ដោយសារវាមានរសជាតិពិសេសប្លែកជាងសាច់ជ្រូកធម្មតា។
សម្រាប់អ្នកកំពុងស្វែងរករូបមន្តធ្វើសាច់ជ្រូកអាំងនេះ កញ្ញានឹងចែករំលែកជូននៅខាងក្រោម ដោយប្រិយមិត្តអាចរៀនធ្វើញ៉ាំខ្លួនឯងក៏បាន ឬធ្វើលក់ក៏បានដែរ៖
គ្រឿងផ្សំ៖
១. សាច់ជ្រូក (សាច់លាយខ្លាញ់តិចៗ) ១គីឡូក្រាម
២. ខ្ទឹមស ៨-៩កំពឹស
៣. ឫសវ៉ាន់ស៊ុយ ៣ ឫស
៤. ម្រេចគ្រាប់ស កន្លះស្លាបព្រាកាហ្វេ
៥. ម្រេចខ្មៅ កន្លះស្លាបព្រាកាហ្វេ
៦. ស្ករត្នោត ៤ស្លាបព្រាបាយ
៧. ស្ករស ១ស្លាបព្រាបាយ
៨. ខ្ទិះដូង កន្លះចានគោម
៩. អំបិល កន្លះស្លាបព្រាកាហ្វេ
១០. ទឹកស៊ីអ៊ីវ ២ស្លាបព្រាបាយ
១១. ប្រេងខ្យង ២ស្លាបព្រាបាយ
១២. ទឹកស៊ីអ៊ីវខាប់ ១ស្លាបព្រាបាយ
១៣. ម្សៅឆា ១ស្លាបព្រាកាហ្វេ
១៤. ប្រេងឆា ¼ ចានគោម
វិធីធ្វើ៖
១. យកសាច់ជ្រូកដែលត្រៀមទុកទៅក្លាសេក្នុងទូទឹកទឹកកក ដោយដាក់នៅកន្លែងកកចំនួន ៣ម៉ោងមុនយកមកហាន់ទំហំតាមចូលចិត្ត។
២. បន្ទាប់មកយកគ្រឿងទេសផ្សេងៗមកបុក រួចហើយចាក់លាយជាមួយខ្ទិះនិងគ្រឿងផ្សេងៗច្របល់ចូលគ្នាឲ្យសព្វ (ទុកខ្ទិះខ្លះសម្រាប់លាបសាច់ជ្រូកតាមក្រោយផង)។
៣. យកសាច់ជ្រូកដែលត្រៀមទុកមកប្រឡាក់ជាមួយគ្រឿងផ្សំ រួចទុកចោលមួយយប់។
៤. ក្រោយប្រឡាក់បានមួយយប់ហើយ អាចយកសាច់មកដោតចង្កាក់។
៥. បន្ទាប់មក យកទៅអាំងដោយចាំលាបខ្ទិះបន្ថែមតិចៗទាំងសងខាង រហូតដល់ឆ្អិន (អាំងឲ្យឆ្អិនល្មមៗ កុំអាំងយូរពេកព្រោះនឹងធ្វើឲ្យសាច់ទៅជារឹង) ៕