ត្រីបឹងកញ្ឆែត
គ្រឿងផ្សំ
- ត្រីរ៉ស់២ក្បាល លាងឱ្យស្អាត
- គ្រឿងបុក
- កាពិ
- ម្ទេសក្រៀម ចិញ្ច្រាំឱ្យម៉ត់
- ខ្ទិះដូង
- ខ្ទឹមក្រហម ហាន់ជាបន្ទះៗ
- ខ្ទឹមសចិញ្ច្រាំឱ្យម៉ត់
- ប្រេងខ្យង ម្សៅស៊ុប ស្ករស អំបិល
- ទឹកអំពិលទុំ
- សណ្ដែកដីបុក
- កញ្ឆែត
វិធីធ្វើ
- យកត្រីរ៉ស់មកបំពងឱ្យក្រៀម រួចដួសទុកមួយអន្លើ
- កញ្ឆែតយកមកលាងឱ្យស្អាត រួចរៀបដាក់ចានឬខ្ទះដែលត្រូវទទួលទាន និងយកត្រីដែលបំពងឆ្អិនមកដាក់ពីលើកញ្ឆែត រួចយកទុកមួយអន្លើ
- យកត្រីរ៉ស់មួយក្បាលទៀតមកស្ងោរឱ្យឆ្អិន រួចបេះយកតែសាច់ត្រី ហើយបុកឱ្យម៉ត់បន្តិច (ទឹកដែលស្ងោរត្រីហើយត្រូវទុក)
- ដាក់ប្រេងឆាចូលក្នុងខ្ទះទុកឱ្យក្ដៅ រួចដាក់គ្រឿងបុក ម្ទេសក្រៀម កាពិ ខ្ទឹមក្រហម ខ្ទឹមស សណ្ដែកដី កូរឱ្យឡើងក្រហមឈ្ងុយ
- បន្ទាប់មកដាក់សាច់ត្រី ប្រេងខ្យង ម្សៅស៊ុប ស្ករស អំបិល និងទឹកស្ងោរត្រីចូលកូរចូលគ្នាឱ្យសព្វ រួចដាក់ទឹកអំពិលទុំ និងខ្ទិះដូងចូល
- ទុកឱ្យពុះ រួចភ្លក់មើលឱ្យល្មមតាមការចូលចិត្ត ទើបយកមកស្រោចពីលើត្រី ដែលយើងបានរៀបពីលើកញ្ឆែតមុននេះ។ ម្ហូបមួយមុខនេះគួរញ៉ាំដោយដាក់លើភ្លើងក្ដៅៗទើបបង្កើនរសជាតិកាន់តែឆ្ងាញ់។
ខម៉ាំ
គ្រឿងផ្សំ៖
- ខ្ទឹមសចិញ្ច្រាំឱ្យល្អិត
- ម៉ាំសាច់ត្រី
- ស្ករស ប៊ីចេង ទឹកត្រី ប្រេងឆា
- ត្រីពោធិ៍កាត់ជាដុំតូចៗ
- សាច់ជ្រូក កាត់ជាដុំតូចៗ
- ត្រប់វែង កាត់រាងចង្វាមូល
- បន្លែអន្លក់តាមចំណូលចិត្ត
វិធីធ្វើ៖
- ដាក់ឆ្នាំងឱ្យក្តៅ ហើយដាក់ប្រេងឆាចូល ខ្ទឹមស ចូលបំពងឱ្យឡើងពងអង្ក្រង ដាក់សាច់ជ្រូក ប៊ីចេង ស្ករស ទឹកត្រី បន្ទាប់មកដាក់សាច់ម៉ាំឆាចូលកូរឱ្យសព្វចាក់ទឹកចូលល្មម។
- ពេលទឹកសម្លពុះ ដាក់សាច់ត្រីនិងត្រប់ចូល រំងាស់ឱ្យឆ្អិនបន្តិច ភ្លក់មើលតាមចូលចិត្ត ពេលឆ្អិនញ៉ាំផ្ទាប់ជាមួយបន្លែអន្លក់។
ញាំស្ដៅ
វិធីធ្វើ៖
- សាច់ជ្រូកលាងឱ្យស្អាត យកទៅស្ងោរឱ្យឆ្អិនដោយដាក់ម្សៅស៊ុបបន្តិចចូលផង រួចស្រង់ចេញមកហាន់ជាចំណិតតូចៗទុកមួយអន្លើ
- យកកំពឹសមកស្រុះឱ្យឆ្អិន រួចទុកមួយអន្លើ
- យកប្រហុកមកជ្រំជាមួយទឹកក្ដៅឱ្យរលាយ
- បន្ទាប់មកដាក់ខ្លាញ់បន្តិចចូលក្នុងខ្ទះទុកឱ្យក្ដៅ រួចដាក់ខ្ទឹមសចិញ្ច្រាំចូលបំពងឱ្យឈ្ងុយ ហើយដាក់ទឹកអំពិលទុំចូល ស្ករត្នោត ម្សៅស៊ុប ប៊ីចេង ដាក់ទឹកបន្តិចទុកឱ្យពុះ ទើបដាក់ទឹកប្រហុកចូល រួចភ្លក់មើលឱ្យល្មម ទុកឱ្យពុះម្ដងទៀតទើបលើកចេញ
- ដល់ពេលញ៉ាំយកសាច់ជ្រូក កំពឹស ស្ដៅ ត្រសក់ និងជីគ្រប់មុខមកញាំចូលគ្នា រួចស្រោចទឹកអំពិលទុំពីលើរួចជាស្រេច៕