ពេលធ្វើដំណើរបានវិញ បើបានទៅកំពង់សោម កុំភ្លេច ៣កន្លែងនេះ!
- 2021-04-12 03:45:02
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ពេលធ្វើដំណើរបានវិញ បើបានទៅកំពង់សោម កុំភ្លេច ៣កន្លែងនេះ!
ចន្លោះមិនឃើញ
ព្រះសីហនុ ត្រូវបានគេប្រសិទ្ធនាមថា ជា «តារារះនាទិសនិរតី» ជាដែនដីដ៏ស្រស់ត្រកាលនៃឋានសួគ៌ ឆ្នេរខ្សាចដ៏ស្អាតបំផុតនៅលើពិភពលោក ។ ក្រៅពីមានឆ្នេរសមុទ្រដ៏ស្អាតបំផុតជាច្រើនហើយនោះ ព្រះសីហនុ ប្រជុំដោយកោះធម្មជាតិស្អាតៗជាច្រើនកន្លែងគួរឱ្យចង់ទៅទស្សនាកម្សាន្ត ។ ថ្ងៃនេះ "Sabay" សូមលើកបង្ហាញតំបន់កោះ ៣ កន្លែងនៅព្រះសីហនុ ពិតជាស្អាតខ្លាំងដូចផ្ទាំងគំនូរ ដែលក្រុមការងារផ្លូវទៅស្រុកធ្លាប់បានទៅដល់នាពេលកន្លងមក ។ ក្នុងនោះមានដូចជា៖
១.ឆ្នេរឋានសួគ៌
ធ្លាប់ស្រម៉ៃអត់ថា ថ្ងៃណាមួយនឹងបានទៅដល់កមួយកន្លែង មានទេសភាពស្រស់បៃតង មានដើមដូងច្រូងច្រាង ដូចផ្ទាំងគំនូរ? មិនបាច់ស្រម៉ៃទៀតទេ បើចង់ឃើញទិដ្ឋភាពបែបនេះ អាចទៅលេងឆ្នេរឋានសួគ៌ ពិតជាស្អាតជាមួយនឹងសម្រស់ធម្មជាតិដ៏ត្រកាល ។
ឆ្នេរឋានសួគ៌ ជាផ្នែកមួយនៃឧទ្យាន្តជាតិសមុទ្រកោះរ៉ុង ស្ថិតក្នុងភូមិសាស្រ្ដខេត្តព្រះសីហនុ។ ដើម្បីទៅកម្សាន្តនៅឆ្នេរឋានសួគ៌ យើងត្រូវធ្វើដំណើរតាមអូប័រចេញពីកំពង់ផែក្រុងព្រះសីហនុ សំដៅទៅដែនកោះដែលបណ្ដែតខ្លួនកណ្ដាលមហាសាគរ ប្រមាណ ១ម៉ោង២០នាទី យើងនឹងមកដល់ឆកសមុទ្រមួយ មានឆ្នេរដ៏ស្រស់ត្រកាល រង់ចាំស្វាគមន៍ភ្ញៀវទេសចរ។
បន្ថែមលើការកម្សាន្តលើឆ្នេរខ្សាច់ដ៏វែងអន្លាយ នៅទីនេះក៏មានសេវាកម្មទេសចរណ៍ផ្សេងៗទៀត ដូចជាការស្ទូចត្រីកម្សាន្ត ការជ្រមុជទឹកទស្សនាផ្កាថ្ម និងជីវចម្រុះគ្រប់ប្រភេទ។ អ្វីដែលអ្នកទេសចរមិនគួរមើលរំលង គឺការជិះកាយាក់ គយគន់ទេសភាពដងព្រែក ដែលមានទឹកថ្លាចាំងឆ្លុះដល់បាត។
២.កោះរាជបុត្រ
ប្រៀបបីដូចរាជបុត្រមួយអង្គ កោះសំពោធ ឬកោះរាជបុត្រ លយចូលក្នុងផ្ទៃសមុទ្រ ចម្ងាយប្រមាណ ១៤០ម៉ែត្រពីឆ្នេរ។ តភ្ជាប់ពីឆ្នេរមួយនេះ ស្ពានឈើមួយខ្សែបន្លាយខ្លួនអូសកាត់ទឹកសមុទ្រ រង់ចាំចម្លងអ្នកទេសចរ ទៅទស្សនាកូនកោះតូចច្រឡឹង ដែលគ្របដណ្ដប់ទៅដោយរុក្ខជាតិខៀវស្រងាត់។ ជាទីឋានដ៏សែនមនោរម្យ កោះសំពោធមានបរិមាត្រប្រមាណ២៥០ម៉ែត្រ អមដោយស្ពានឈើព័ទ្ធជុំវិញ ដែលផ្ដល់ភាពងាយស្រួលដល់ភ្ញៀវទេសចរក្នុងការទស្សនាទេសភាពលើដែនកោះ។
រមណីយដ្ឋានកោះសំពោធ ឬកោះរាជបុត្រ ជាផ្នែកមួយនៃឧទ្យានជាតិរាម ស្ថិតក្នុងស្រុកព្រៃនប់ ខេត្តព្រះសីហនុ។ ដើម្បីទៅកម្សាន្តនៅរមណីយដ្ឋានកោះធម្មជាតិនេះ យើងត្រូវធ្វើដំណើរចេញពីផ្លូវជាតិលេខ ៤ ឆ្ពោះទៅកាន់ឧទ្យានជាតិរាម ចម្ងាយប្រមាណ ១៤គីឡូម៉ែត្រ បន្ទាប់មកយើងនឹងឃើញកូនកោះតូចមួយ បណ្ដែតខ្លួនយ៉ាងសង្ហារលើផ្ទៃសាគរ។
៣.ភូមិ ២៣ នៃកោះរ៉ុងសន្លឹម
“ភូមិ២៣” គឺជាតំបន់ទេសចរតូចមួយ ស្ថិតនៅក្នុងភូមិសាស្រ្តកោះរ៉ុងសន្លឹម នៃខេត្តព្រះសីហនុ។ ដើម្បីទៅកម្សាន្តនៅទីនេះ យើងត្រូវធ្វើដំណើរតាមអូប័រ ចេញពីកំពង់ផែក្រុងព្រះសីហនុ ទៅកាន់កំពង់ផែកោះរ៉ុង ប្រមាណ ១ម៉ោង បន្ទាប់មកត្រូវប្ដូរជើងអូប័រឆ្ពោះទៅកំពង់ផែភូមិ២៣ ប្រមាណ៣០នាទីតែប៉ុណ្ណោះ។
គ្របដណ្ដប់លើផ្ទៃដីប្រមាណ ២៣ហិកតា នៃកោះរ៉ុងសន្លឹម “ភូមិ២៣” ត្រូវបានរៀបចំឲ្យមានទីតាំងកម្សាន្ត និងសម្រាប់សម្រាកលម្ហែកាយជាច្រើនកន្លែងផ្សេងៗគ្នា។ នៅមិនឆ្ងាយប៉ុន្មានពីភូមិ២៣ ឆ្នេរខ្សាច់ធម្មជាតិប្រវែងជាង ១៥០០ម៉ែត្រ គឺជាកន្លែងពេញនិយមបំផុតក្នុងការដើរលម្ហែកាយ និងសម្រាកលើឆ្នេរទទួលយកបរិយាកាសដ៏ស្រស់ស្រាយពីជំនោរសមុទ្រ។
នៅចំពីមុខភូមិ២៣ កូនភ្នំតូចមួយ ផុសចេញកណ្ដាលសមុទ្រ គ្របដណ្ដប់ដោយព្រៃដ៏ក្រាស់ឃ្មឹក។ ទីនេះ ជាកន្លែងដ៏ល្អក្នុងការជ្រមុជទឹកទស្សនាផ្កាថ្ម ហើយទីនេះក៏ប្រមូលផ្ដុំទៅដោយធនធានសមុទ្រជាច្រើនប្រភេទរស់នៅផងដែរ ៕