វីដេអូត្រជាក់ភ្នែក ពីតំបន់ទេសចរណ៍ ៥កន្លែង​ក្នុងខេត្តកំពត

  • 2021-04-12 01:59:54
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


កំពត គឺជាគោលដៅទេសចរណ៍ដ៏ពេញនិយមមួយសម្រាប់ភ្ញៀវទេសចរ​ក្នុងស្រុក ដែលប្រជុំ​ដោយ​តំបន់ទេសចរណ៍ទាក់ទាញជាច្រើន។ ទោះអំឡុងពេលនេះ យើងទាំងអស់គ្នា មិនអាចធ្វើដំណើរកម្សាន្តបាន តែប្រិយមិត្តនៅតែអាចរីករាយ​ជាមួយ​តំបន់ទេសចរណ៍​ទាំងនោះ តាមរយៈ Rikreay បានដែរ។

ថ្ងៃនេះ Rikreay សូមនាំអារម្មណ៍ប្រិយមិត្ត​ទៅ​ទស្សនា​វីដេអូ​ស្អាត​ត្រជាក់ភ្នែក ចំនួន ៥ ក្នុងខេត្តកំពត ដែលថតដោយ​ក្រុមការងារ "ផ្លូវទៅស្រុក វគ្គ៣" របស់ Sabay នាពេលកន្លងមក៖

១.ល្អាងភ្នំឈ្ងោក

បន្សល់ទុកពីសម័យនគរភ្នំ ភ្នំឈ្ងោក គឺជារមណីយដ្ឋានបែបប្រវត្តិសាស្រ្តមួយដ៏គួរឱ្យចាប់អារម្មណ៍នាដែនដីសម្បូរទុរេននេះ ។ ស្ថិតនៅភាគខាងត្បូងនៃប្រទេសកម្ពុជា ភ្នំឈ្ងោកមានចំងាយជាង ៥គីឡូម៉ែត្រពីបឹងប្រទាក់ក្រឡា ឬប្រមាណ ១៣គីឡូ ម៉ែត្រពីទីរួមខេត្តកំពត ។

ជាង ១៥០០ឆ្នាំកន្លងផុតទៅ ភ្នំឈ្ងោក មិនត្រឹមតែជាទីតាំងទេសចរដ៏មានសក្តានុពលប៉ុណ្ណោះទេ ថែមតាំងជាបូជនីយដ្ឋានប្រវត្តិសាស្រ្តដ៏សំខាន់មួយនៃអាណាចក្រខ្មែរ ។ នាកណ្ដាលគុហាដ៏ធំនៃភ្នំនេះ មានប្រាង្គប្រាសាទមួយធ្វើពីដីដ្ឋ ត្រូវបានកសាងឡើងតាំងពីសតវត្សទី៦ ម្ល៉េះ ហើយបង្កប់នូវរឿងរ៉ាវអាថ៌កំបាំងកម្រមានអ្នកដឹង ។

២.ទឹកធ្លាក់វាលពួច

ប្រិយមិត្តប្រាកដជាធ្លាប់ធ្វើដំណើរកម្សាន្តទៅកាន់ឧទ្យានជាតិព្រះមុនីវង្សបូកគោមិនខាន ប៉ុន្តែធ្លាប់បានស្គាល់ទឹកធ្លាក់ដ៏ស្រស់ត្រកាលមួយនេះទេ? ទឹកធ្លាក់វាលពួច គឺជាផ្នែកមួយនៃឧទ្យានជាតិព្រះមុនីវង្សបូកគោ ស្ថិតក្នុងស្រុកទឹកឈូ ខេត្តកំពត។ ដើម្បីឡើងទៅកាន់ទីស្ថានធម្មជាតិនេះ យើងត្រូវធ្វើដំណើរចេញពីទីរួមខេត្តកំពត ប្រមាណ ៨គីឡូម៉ែត្រ តាមផ្លូវជាតិលេខ៣ ឆ្ពោះទៅកាន់វត្តវាលពួច ដែលស្ថិតនៅក្បែរជើងភ្នំបូកគោ ។

ចេញដំណើរពីវត្តវាលពួច ធ្វើដំណើរដោយថ្មើរជើងប្រមាណ ៣០ នាទីទេសចរ នឹងបានឃើញទឹកធ្លាក់ដ៏ស្រស់ស្អាត នៅខាងស្ដាំដៃ បន្លឺសំឡេងគគ្រឹកគ្រេង គួរឱ្យចង់ងូតលេងកម្សាន្ត បូកផ្សំនឹងសម្រស់ធម្មជាតិដ៏ត្រកាលចង់ថតរូបទុកជាអានុស្សាវរីយ៍មិនចេះជិនណាយ ។

៣.ទឹកធ្លាក់ឱម៉ាល់

មិនឆ្ងាយប៉ុន្មានពីទឹកធ្លាក់វាលពួចទេ កុំឱ្យខាតជើងទេសចរអាចបន្តដំណើរកម្សាន្តទៅកាន់ ទឹកធ្លាក់ឱម៉ាល់ ស្ថិតនៅប៉ែកខាងកើតនៃជម្រាលភ្នំបូកគោ ឬឧទ្យានជាតិព្រះមុនីវង្ស តាមបណ្ដោយផ្លូវទៅកាន់រមណីយដ្ឋានទឹកឈូ ខេត្តកំពត ។

ទេសចរអាចធ្វើដំណើរទៅទីនោះ តាមផ្លូវលំ ទល់មុខក្លោងទ្វារវត្តស្នំប្រាំ៧ រួចបន្តដំណើរតាមជម្រាលភ្នំជាង៤គីឡូម៉ែត្រ ដែលមានក្រាលបេតុងដោយអន្លើរ តាមមធ្យោបាយម៉ូតូ ឬថ្មើរជើងកាន់តែល្អ ព្រោះសភាពផ្លូវមានលក្ខណៈតូច បត់បែន និងចោតបន្តិច ។

ក្នុងដំណើរឡើងទៅកាន់ទឹកធ្លាក់ឱម៉ាល់ យើងអាចស្ដាប់ឮសន្ធឹកខ្សែទឹកហូរតាំងពីជើងភ្នំ អមជាមួយដោយសំឡេងសត្វយំល្វើយៗ ព្រមទាំងបានគយគន់រុក្ខជាតិខៀវខ្ចី និងចម្ការដំណាំហូបផ្លែជាច្រើនប្រភេទ។ បន្តដំណើរសរសៀរតាមចង្កេះភ្នំ យើងក៏អាចមើលឃើញទឹកធ្លាក់នៅខាងឆ្វេងដៃហូររណ្ដំជាមួយដុំថ្មតូចធំ តម្រៀមគ្នាក្នុងជ្រលងអូរ។ ទាំងអស់នេះប្រៀបបីដូចជាថាមពលជំនួយដល់អ្នកដំណើរឲ្យបាត់អស់ភាពនឿយហត់ ។

៤.កំពង់ត្រាច

ភ្នំកំពង់ត្រាច គឺជារមណីយដ្ឋានទេសចរណ៍ធម្មជាតិដ៏ល្បីមួយ ស្ថិតក្នុងស្រុកកំពង់ត្រាច ចម្ងាយប្រមាណ ៥០គីឡូម៉ែត្រពីទីរួមខេត្តកំពត។

ភ្នំកំពង់ត្រាច លាក់ទុករឿងរ៉ាវគួរឲ្យចាប់អារម្មណ៍ជាច្រើន។ ភ្នំថ្មកំបោរមួយនេះ មានល្អាងតូចធំរាប់សិបកន្លែង និងមានរូងភ្នំធំ២ គឺរូងឋានព្រះចន្ទ និងរូងឋានព្រះអាទិត្យ ដែលមានលក្ខណៈពិសេសរៀងៗខ្លួន ដូចបញ្ជាក់ក្នុងវីដេអូនៅផ្នែកខាងក្រោមនៃអត្ថបទនេះ។

នៅជាប់ជើងភ្នំ មានបង្កប់ល្អាងមួយ ដែលមានទឹកថ្លាឈ្វេង គឺល្អាងព្រះចន្ទ ដែលភ្ញៀវទេសចរអាចងូតទឹកលេងបានយ៉ាងសប្បាយ។ គោលដៅទេសចរណ៍មួយទៀត ដែលយើងមិនគួររំលង គឺការធ្វើដំណើរឡើងភ្នំ ដើម្បីមើលទេសភាពដ៏ស្រស់ត្រកាលពីលើអាកាស។

៥.ទំនប់ម្លេច

ទំនប់ម្លេច គឺជាគោលដៅទេសចរណ៍ដ៏សែនមនោរម្យមួយ មានទីតាំងស្ថិតក្នុងស្រុកជុំគិរី ខេត្តកំពត។ រមនីយដ្ឋានមួយនេះ ស្ថិតនៅក្បែរព្រំប្រទល់ខេត្តតាកែវ និងខេត្តកំពត ដែលមានចម្ងាយជាង ១០៣គីឡូម៉ែត្រ ពីរាជធានីភ្នំពេញ និងមានប្រមាណ ៥៨គីឡូម៉ែត្រពីទីរួមខេត្តកំពត ដោយធ្វើដំណើរតាមផ្លូវជាតិលេខ៣។

ក្រៅពីគយគន់សម្រស់ធម្មជាតិ ភ្ញៀវទេសចរក៏អាចកម្សាន្តសម្បាយជាមួយសេវាកម្មទេសចរផ្សេងៗទៀត ដែលរៀបចំដោយវិស័យឯកជន មានដូចជាការដើរលើខ្សែពួរ ការជិះទូកកាយាក់កម្សាន្តលើផ្ទៃទឹកជាដើម។ មិនតែប៉ុណ្ណោះ ភ្ញៀវទេសចរក៏អាចបោះតង់សម្រាកបែបពិចនិចនៅជាប់នឹងមាត់ទឹក ព្រមទាំងអាចគយគន់សត្វស្លាបជាច្រើនប្រភេទថែមទៀតផង។

ទំនប់នេះតភ្ជាប់ពីចង្កេះភ្នំម្ខាង ទៅចង្កេះភ្នំម្ខាងទៀត មានប្រវែងជាង ១ពាន់ម៉ែត្រ និងកម្ពស់ជាង ៥ម៉ែត្រ ចំណែកផ្ទៃអាងទាំងមូល មានទំហំជាង ៥៧ហិចតា មានជម្រៅពី ៧ម៉ែត្រ ទៅ១០ម៉ែត្រ ដែលអាចស្តុកទឹកបានជាង ១១លានម៉ែត្រគូប។ បច្ចុប្បន្ន ទំនប់ម្លេច ប្រែក្លាយពីទីលានទុក្ខសោក ទៅជាគោលដៅទេសចរណ៍ដ៏ទាក់ទាញ ព្រមទាំងបង្កប់នូវរឿងរ៉ាវប្រវត្តិសាស្រ្ដមួយ ប្រចាំខេត្តកំពត ៕